1. រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា និងក្រុងយេរូសាឡិម
2. គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ
3. ហើយនៅវេលានោះឯង ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេនោះ ព្រមទាំងសេថារ-បូសណាយ និងពួកគូកនលោកក៏មកសួរថា តើអ្នកណាបានចេញបង្គាប់ឲ្យឯងរាល់គ្នាស្អាងវិហារនេះ ហើយធ្វើកំផែងនេះឡើង
4. លោកក៏សួរដូច្នេះទៀតថា មនុស្សដែលធ្វើការនេះ តើមានឈ្មោះអ្វីខ្លះ
5. ប៉ុន្តែ ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបញ្ឈប់ការដែលកំពុងតែធ្វើនោះទេ ចាំទំរាំបញ្ជូនរឿងនោះ ទៅដល់ដារីយុស ហើយមានព្រះរាជសាសន៍តបមកកាត់សេចក្តី។
6. នេះជាសំណៅនៃសំបុត្រ ដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនលោក នៅខាងនាយទន្លេ បានផ្ញើទៅស្តេចដារីយុស
7. ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្តីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកប ដោយសេចក្តីសុខចំរើន
8. សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចំរើនឡើង ដោយសារដៃគេដែរ
9. ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនឹងធ្វើកំផែងនេះឡើង
10. យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប
11. គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ