5. គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី
6. លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
7. រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្តីកត់ទុកជាអក្សរតាមភាសាអារ៉ាម
8. គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា
9. រេហ៊ូម ជាចាងហ្វាង និងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស អើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
10. ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។
11. នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘
12. យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត
13. ដូច្នេះ សូមព្រះករុណាទ្រង់ជ្រាបថា បើទីក្រុងនេះបានសង់ឡើងស្រេចហើយ កំផែងក៏បានលើកឡើងផង នោះគេនឹងលែងបង់សួយអាករ ពន្ធខ្លួន និងពន្ធគយទៅ ហើយដល់ទីបំផុត និងបង្កើតខូចខាតដល់ពួកស្តេចផង
14. ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនដោយព្រះគុណទ្រង់ ហើយមិនគប្បីឲ្យយើងខ្ញុំព្រងើយ បណ្តោយឲ្យគេបង្អាប់ដល់ព្រះកិត្តិយសរបស់ព្រះករុណាឡើយ បានជាយើងខ្ញុំផ្ញើសំបុត្រនេះមក ទូលដល់ព្រះករុណាថ្វាយទ្រង់ជ្រាបផង
15. ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះ ត្រូវបំផ្លាញចេញទៅ
16. យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។