1. រីឯពួកខ្មាំងសត្រូវរបស់ពួកយូដា និងបេនយ៉ាមីនកាលឮថា ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ គេកំពុងតែស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដូច្នោះ
2. នោះគេក៏ចូលមកឯសូរ៉ូបាបិល និងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកអយ្យកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ
3. តែសូរ៉ូបាបិល និងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកអយ្យកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ
4. ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ
5. គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី
6. លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
7. រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្តីកត់ទុកជាអក្សរតាមភាសាអារ៉ាម
8. គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា
9. រេហ៊ូម ជាចាងហ្វាង និងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស អើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
10. ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។
11. នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘
12. យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត