4. សូមលោកក្រោកឡើង ពីព្រោះការនេះស្រេចនៅលោក ហើយយើងខ្ញុំក៏នៅជាមួយនឹងលោកដែរ សូមឲ្យមានចិត្តក្លាហានឡើង ហើយសំរេចការទៅ។
5. ដូច្នេះ អែសរ៉ាក៏ក្រោកឡើង ឲ្យអស់ទាំងមេពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងអស់ ស្បថនឹងធ្វើតាមពាក្យនោះ គេក៏ស្បថ
6. រួចអែសរ៉ាក្រោកឡើងនៅមុខព្រះវិហារនៃព្រះ ចូលទៅក្នុងបន្ទប់របស់យ៉ូហាណានជាកូនរបស់អេលីយ៉ាស៊ីបទៅ តែកាលលោកបានចូលទៅហើយ លោកមិនបានបរិភោគអាហារអ្វីឡើយ ដ្បិតលោកមានសេចក្តីសៅសោក ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ
7. ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា និងក្រុងយេរូសាឡិម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡិមគ្រប់គ្នា
8. ហើយ បើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នក ដែលរួចពីសណ្ឋានជាឈ្លើយផង។
9. ដូច្នេះ ពួកយូដា និងបេនយ៉ាមីន ក៏មូលគ្នាមកឯក្រុងយេរូសាឡិមទាំងអស់ ក្នុងកំណត់៣ថ្ងៃនោះ គឺត្រូវជាថ្ងៃ២០ខែមិគសិរ ឯមនុស្សទាំងនោះគេអង្គុយត្រង់ទីធ្លា នៅមុខព្រះវិហារនៃព្រះ ទាំងញ័រដោយព្រោះដំណើរនោះ ហើយដោយព្រោះភ្លៀងធំផង
10. នោះអែសរ៉ាដ៏ជាសង្ឃ លោកឈរឡើងនិយាយទៅគេថា អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយយកប្រពន្ធជាស្រីសាសន៍ដទៃ ជាការដែលចំរើនទោសដល់សាសន៍អ៊ីស្រាអែល
11. ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ឥឡូវទៅ ហើយប្រព្រឹត្តតាមដែលទ្រង់សព្វព្រះហឫទ័យចុះ ត្រូវឲ្យញែកខ្លួនពីពួកអ្នកនៅស្រុកនេះ ហើយពីស្រីសាសន៍ដទៃចេញ
12. ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយតបឡើង ដោយសំឡេងយ៉ាងខ្លាំងថា យើងខ្ញុំត្រូវតែធ្វើតាម ដូចជាលោកមានប្រសាសន៍ហើយ
13. ប៉ុន្តែ បណ្តាជននេះមានគ្នាច្រើនណាស់ ហើយនេះជារដូវភ្លៀងច្រើនផង យើងខ្ញុំឈរនៅខាងក្រៅពុំបានទេ ហើយនេះក៏មិនមែនជាការដែលសំរេចបានក្នុង១ថ្ងៃ ឬ២ថ្ងៃដែរ ពីព្រោះយើងខ្ញុំបានរំលងយ៉ាងសន្ធឹក ក្នុងដំណើរនេះហើយ
14. ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនីមួយៗ និងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្តីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ
15. មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវីបានជួយខាង២នាក់នោះដែរ។
16. ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស
17. លុះដល់ថ្ងៃ១ខែចេត្រ នោះក៏បានសំរេចដល់ពួកអ្នកទាំងអស់ ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃនោះ។
18. រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា