1. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ
3. ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្ដីកំហឹងរបស់អញទៅលើឯង ហើយនឹងជំនុំជំរះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង
4. ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តា ដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
5. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ
6. ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ