19. ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ
20. ដីដែលថ្វាយជាដង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសំរាប់ទីក្រុងផង។
21. ឯដីដែលសល់ នៅនោះនឹងបានសំរាប់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសំរាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំង២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងកើត ហើយនៅមុខ២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះនឹងបានទុកសំរាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ នោះត្រូវនៅកណ្តាលនោះ
22. ដូច្នេះ ដីដែលត្រូវទុកសំរាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសំរាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា និងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសំរាប់ចៅហ្វាយ។
23. រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរបេនយ៉ាមីន
24. ហើយតាមព្រំស្រុករបស់បេនយ៉ាមីន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរស៊ីម្មាន
25. ហើយតាមព្រំស្រុករបស់ស៊ីម្មាន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអ៊ីសាខារ
26. ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរសាប់យូល៉ូន
27. ហើយតាមព្រំស្រុករបស់សាប់យូល៉ូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរកាឌ់
28. ហើយតាមព្រំស្រុករបស់កាឌ់ខាងត្បូងបំផុត នោះព្រំស្រុកគេ ត្រូវចាប់តាំងពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹក រហូតដល់សមុទ្រធំ
29. នេះជាស្រុកដែលឯងរាល់គ្នាត្រូវចាប់ឆ្នោត បែងចែកដល់ពូជអំបូរទាំងប៉ុន្មានរបស់អ៊ីស្រាអែល ទុកជាមរដក នេះជាចំណែករបស់គេនីមួយៗ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
30. ឯព្រំខណ្ឌនៃទីក្រុងនោះ គឺខាងជើងមាន៤៥០០ខ្នាតតាមរង្វាស់
31. ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារ៣គឺទ្វាររូបេន១ ទ្វារយូដា១ និងទ្វារលេវី១
32. នៅខាងកើតមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារយ៉ូសែប១ ទ្វារបេនយ៉ាមីន១ និងទ្វារដាន់១
33. នៅខាងត្បូងមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារស៊ីម្មាន១ ទ្វារអ៊ីសាខារ១ និងទ្វារសាប់យូល៉ូន១
34. នៅខាងលិចមាន៤៥០០ខ្នាត ហើយទ្វារ៣គឺទ្វារកាឌ់១ ទ្វារអេស៊ើ១ និងទ្វារណែបថាលី១
35. ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚