2. ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច
3. ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក និងថ្ងៃចូលខែដែរ
4. ឯដង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សំរាក នោះគឺកូនចៀម៦ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ
5. ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។
6. លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់
7. លោកក៏ត្រូវរៀបដង្វាយម្សៅ១ថាំងសំរាប់គោឈ្មោល និង១ថាំងសំរាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង
8. កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
9. ប៉ុន្តែ កាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ
10. ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្តាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
11. រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ និង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង
12. កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
13. រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច