1. មួយទៀត កាលណាឯងរាល់គ្នាចាប់ឆ្នោតចែកស្រុកជាមរដក នោះត្រូវឲ្យថ្វាយដង្វាយ១ដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
2. ក្នុងដីនោះត្រូវឲ្យមានកន្លែងសំរាប់ទីបរិសុទ្ធ ប្រវែង៥០០ និងទទឹង៥០០ គឺ៤ជ្រុងស្មើ ថែមទាំង៥០ហត្ថ នៅព័ទ្ធជុំវិញសំរាប់ជាវាលទំនេរ
3. ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយ២ម៉ឺន៥ពាន់ ហើយទទឹង១ម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ
4. នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសំរាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសំរាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សំរាប់ទីបរិសុទ្ធ
5. ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ និងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
6. ហើយត្រូវឲ្យឯងរាល់គ្នាដំរូវទុកដីរបស់ផងទីក្រុងទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
7. ត្រូវឲ្យមាន១ចំណែកសំរាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ផងទីក្រុង គឺខាងមុខដីជាដង្វាយបរិសុទ្ធ និងដីរបស់ផងទីក្រុងនោះ តាំងពីព្រំខាងលិចចេញទៅខាងលិច ហើយពីព្រំខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ នឹងត្រូវបានស្មើនឹងដី១ចំណែក ចាប់តាំងពីព្រំស្រុកខាងលិច ទៅដល់ព្រំស្រុកខាងកើត