14. ប៉ុន្តែអញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សំរាប់គ្រប់ការងារទាំងនោះ និងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។
15. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ និងឈាមផង
16. គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង
17. កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារ នៅខាងក្នុងទ្វារទីលានខាងក្នុង ហើយក្នុងព្រះវិហារឡើយ
18. គេត្រូវជួតឈ្នួតធ្វើពីសំពត់ទេសឯក នៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួន ដោយអ្វីដែលនាំឲ្យបែកញើសទេ
19. រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ
20. គេក៏មិនត្រូវកោរសក់ ឬទុកឲ្យសក់ដុះវែងដែរ គេនឹងគ្រាន់តែកាត់ដំរឹមប៉ុណ្ណោះ
21. មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ
22. ក៏មិនត្រូវយកស្រីមេម៉ាយ ឬស្រីប្ដីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកតែស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃពីកាលដើមប៉ុណ្ណោះ
23. គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសំគាល់របស់បរិសុទ្ធ និងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត
24. ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្ដី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ
25. មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ វៀរតែខ្មោចឪពុក ឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្ដីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន
26. រួចកាលណាបានសំអាតខ្លួនវិញហើយ នោះត្រូវរាប់៧ថ្ងៃដល់សង្ឃនោះ
27. លុះដល់ថ្ងៃដែលចូលទៅក្នុងទីលានខាងក្នុងនៃទីបរិសុទ្ធ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ នោះត្រូវថ្វាយដង្វាយលោះបាបរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
28. ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរអាកររបស់គេហើយ
29. គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់