10. ឯពួកលេវីដែលបានឃ្លាតឆ្ងាយពីអញ ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលអញ ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន
11. ប៉ុន្តែគេនឹងបានជាអ្នកធ្វើការងារ នៅក្នុងទីបរិសុទ្ធរបស់អញ ព្រមទាំងមានអំណាចត្រួតត្រានៅអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសំឡាប់ដង្វាយដុត និងយញ្ញបូជាសំរាប់បណ្តាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្តាជន ដើម្បីធ្វើការងារជំនួស
12. ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន
13. គេមិនត្រូវចូលមកជិតអញ ដើម្បីធ្វើការងារជាសង្ឃដល់អញ ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់អញឡើយ គឺគេត្រូវរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន និងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ
14. ប៉ុន្តែអញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សំរាប់គ្រប់ការងារទាំងនោះ និងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។
15. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ និងឈាមផង
16. គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង
17. កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារ នៅខាងក្នុងទ្វារទីលានខាងក្នុង ហើយក្នុងព្រះវិហារឡើយ
18. គេត្រូវជួតឈ្នួតធ្វើពីសំពត់ទេសឯក នៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួន ដោយអ្វីដែលនាំឲ្យបែកញើសទេ
19. រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ
20. គេក៏មិនត្រូវកោរសក់ ឬទុកឲ្យសក់ដុះវែងដែរ គេនឹងគ្រាន់តែកាត់ដំរឹមប៉ុណ្ណោះ
21. មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ
22. ក៏មិនត្រូវយកស្រីមេម៉ាយ ឬស្រីប្ដីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកតែស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃពីកាលដើមប៉ុណ្ណោះ