1. រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទ្វារនេះត្រូវនៅជាបិទ ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទនៅ
3. ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
4. បន្ទាប់មក លោកនាំខ្ញុំទៅតាមផ្លូវនៃទ្វារខាងជើង ពីមុខព្រះវិហារ នោះខ្ញុំក្រឡេកមើលទៅឃើញសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចខ្ញុំដួលផ្កាប់មុខចុះ
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរផ្ចង់ចិត្តចុះ ត្រូវឲ្យមើលដោយភ្នែក ហើយស្តាប់ដោយត្រចៀក តាមគ្រប់ទាំងសេចក្ដីដែលអញនិយាយ ពីដំណើរបៀបទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពីអស់ទាំងច្បាប់ផង ហើយផ្ចង់ចិត្តចំពោះផ្លូវចូលព្រះវិហារ និងអស់ទាំងផ្លូវចេញពីទីបរិសុទ្ធផង
6. រួចត្រូវឲ្យឯងប្រាប់ដល់ពួករឹងចចេស គឺដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឲ្យពួកវង្សអ៊ីស្រាអែលអើយ ត្រូវឲ្យការគួរស្អប់ខ្ពើមរបស់ឯងបានល្មមដល់ឯងប៉ុណ្ណឹងចុះ
7. គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ និងឈាមផង ហើយបានផ្តាច់សេចក្ដីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ