23. ក៏មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើតផង រួចលោកវាស់ពីទ្វារ១ទៅទ្វារ១ទៀតបាន១០០ហត្ថ។
24. លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ
25. ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបាន៥០ហត្ថ ហើយទទឹង២៥ហត្ថ
26. ក៏មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើ១ខាងនេះ ហើយ១ខាងនោះ
27. ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀត ខាងត្បូងនោះបាន១០០ហត្ថ។
28. រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ
29. ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារនោះមានទំហំដូចគ្នាដែរ មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏បណ្តោយ៥០ហត្ថ និងទទឹង២៥ហត្ថដូចគ្នា
30. ហើយមានខ្លោងទ្វារនៅជុំវិញបណ្តោយ២៥ហត្ថ និងទទឹង៥ហត្ថ
31. ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើ នៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅឯទ្វារនោះមាន៨ថ្នាក់វិញ។
32. បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ
33. ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយ៥០ហត្ថទទឹង២៥ហត្ថ
34. ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើ នៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅឯទ្វារនោះមាន៨ថ្នាក់ដែរ។
35. រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ
36. បន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា
37. សសរទាំងប៉ុន្មានក៏បែរទៅឯទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មាន៨ថ្នាក់ដែរ។
38. មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងដង្វាយដុត