4. ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
5. ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
6. អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
7. អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
8. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ការនោះកំពុងតែមក ហើយនឹងបានសំរេចជាពិត នេះហើយជាថ្ងៃដែលអញបានប្រាប់នោះ
9. ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់៧ឆ្នាំ
10. ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសំរាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11. គ្រានោះ អញនឹងឲ្យកន្លែង១ដល់ពួកកុក សំរាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល គឺជាច្រកភ្នំដែលមនុស្សដើរកាត់ទៅខាងកើតសមុទ្រ ច្រកនោះនឹងបិទខ្ទប់ពួកអ្នកដើរកាត់ ហើយនៅទីនោះគេនឹងកប់សាកសពនៃកុក និងពួកកកកុញរបស់វា គេនឹងហៅច្រកភ្នំនោះថា ហាមុន-កុក
12. ពួកវង្សអ៊ីស្រាអែល នឹងកប់ខ្មោចអ្នកទាំងនោះអស់៧ខែ ទើបបានហើយ ដើម្បីនឹងសំអាតស្រុក
13. អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការកប់សពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលអញបានដំកើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
14. គេនឹងដំរូវទុកមនុស្ស១ពួក ដែលត្រូវធ្វើការនោះជានិច្ច ឲ្យបានដើរចុះឡើងក្នុងស្រុក ជាមួយនឹងពួកអ្នកដែលដើរដំណើរទៅមក ដើម្បីនឹងកប់សពដែលសល់នៅលើដីប្រយោជន៍នឹងសំអាតស្រុកទៅ ក្រោយ៧ខែ នោះគេនឹងដើរពិនិត្យមើល
15. រួចពួកអ្នកដែលដើរចុះឡើង គេនឹងដើរទៅមកមើល បើឃើញឆ្អឹងខ្មោចមនុស្សណា នោះគេនឹងតាំងទីសំគាល់១នៅជិតខាង ទាល់តែពួកកប់ខ្មោចបានមកកប់ចោល នៅក្នុងច្រកភ្នំហាមុន-កុកទាំងអស់ទៅ
16. ហើយទីក្រុង១នឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសំអាតស្រុក។