8. កាលខ្ញុំកំពុងតែមើល នោះឃើញមានសរសៃនឹងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ
9. នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង
10. ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។
11. រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង
12. ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនឹងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ
13. ឱរាស្ត្រអញអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបើកផ្នូររបស់ឯង ឲ្យឯងបានឡើងចេញពីនោះមក
14. គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
16. កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សំរាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្ររបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សំរាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្ររបស់គេ
17. រួចភ្ជាប់គ្នាទាំង២នោះ ធ្វើជាបន្ទះតែ១ ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង
18. កាលណាពួកកូនចៅសាសន៍ឯងនឹងសួរដល់ឯងថា សូមប្រាប់ឲ្យយើងដឹងជាឈើទាំង២នេះមានន័យដូចម្តេច
19. នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះមើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម និងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្ររបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ
20. ឈើទាំង២ដែលឯងបានសរសេរចុះនោះ នឹងបាននៅក្នុងដៃឯងចំពោះភ្នែកគេ
21. ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែល ចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន