18. ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកំចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ
19. ដូច្នេះ អញបានកំចាត់កំចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជំរះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ
20. កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក
21. ប៉ុន្តែអញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។
22. ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ
23. អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
24. ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ
25. នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជំរះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង
26. អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ
27. អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
28. នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង
29. អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចំរើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ
30. ក៏នឹងចំរើនផ្លែឈើ និងផលចំការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំនៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ
31. នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់ឯង។
32. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ
33. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជំរះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯង មានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង
34. ឯស្រុកដែលបាននៅស្ងាត់ និងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ
35. ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង