1. កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
2. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ
3. ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង
4. ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងទីខូចបង់ និងទីក្រុងដែលគេចោលស្ងាត់ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ
5. គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដំមទាំងមូល ដែលបានដំរូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ
6. ដូច្នេះ ចូរទាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញបាននិយាយ ដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់អញ ហើយដោយព្រោះឯងរាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ
7. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
8. តែចំណែកឯង ឱភ្នំអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់ឯង ឲ្យអ៊ីស្រាអែលជារាស្ត្រអញ ពីព្រោះគេរៀបនឹងមកហើយ
9. ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង
10. អញនឹងឲ្យមនុស្សចំរើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ
11. អញនឹងធ្វើឲ្យទាំងមនុស្ស និងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត