អេសេគាល 34:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង

12. ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់​ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់‌កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​នោះ​ដែរ

13. អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង

14. អញ​នឹង​ឃ្វាល​វា​នៅ​ទី​វាល​ល្អ ហើយ​ក្រោល​វា​នឹង​នៅ​លើ​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រា‌អែល នៅ​ទី​នោះ​វា​នឹង​ដេក​ចុះ​ក្នុង​ក្រោល​យ៉ាង​ល្អ ហើយ​នឹង​រក​ស៊ី​នៅ​វាល​ដ៏​ល្អ នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ

15. ខ្លួន​អញ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង​ចៀម​របស់​អញ ហើយ​អញ​នឹង​ឲ្យ​វា​ដេក​នៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

16. អញ​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​ណា​ដែល​ត្រូវ​ប្រដេញ ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង នោះ​អញ​នឹង​រុំ​អប​ឲ្យ ហើយ​អញ​នឹង​ចំរើន​កំឡាំង​ដល់​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កំឡាំង នោះ​អញ​នឹង​បំផ្លាញ​វា​បង់ គឺ​អញ​នឹង​ឃ្វាល​វា ដោយ​សេចក្ដី​វិនិច្ឆ័យ​វិញ។

17. ឱ​ហ្វូង​របស់​អញ​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ឯង​ដូច្នេះ​ថា មើល អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម ហើយ​របស់​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង

18. ការ​ដែល​ឯង​រាល់​គ្នា​បាន​ស៊ី​ស្មៅ នៅ​ទី​វាល​ល្អ នោះ​តើ​ជា​ការ​តិច‌តួច​ដល់​ឯង​ឬ បាន​ជា​ឯង​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់​ទៀត ហើយ​ដែល​ឯង​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ​ផង បាន​ជា​ឯង​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ

19. ចំណែក​ហ្វូង​ចៀម​របស់​អញ វា​ត្រូវ​ស៊ី​ស្មៅ ដែល​ឯង​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​ឯង​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ​វិញ។

20. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​វា​រាល់​គ្នា​ថា មើល អញ​គឺ​អញ​នេះ​ហើយ នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​ធាត់ និង​ចៀម​ស្គម

21. ពី​ព្រោះ​ឯង​រាល់​គ្នា​តែង‌តែ​គះ​ដោយ​ចំហៀង ហើយ​នឹង​ស្មា ក៏​បុះ​អស់​ទាំង​ចៀម​ខ្សោយ​ដោយ​ស្នែង ដរាប​ដល់​បាន​កំចាត់‌កំចាយ​គេ​ទៅ​បាត់

22. ដូច្នេះ អញ​នឹង​ជួយ​សង្គ្រោះ​ហ្វូង​ចៀម​របស់​អញ នោះ​វា​នឹង​លែង​បាន​ជា​រំពា​ត​ទៅ ហើយ​អញ​នឹង​ជំនុំ‌ជំរះ​ក្តី​របស់​ចៀម​នឹង​ចៀម

23. អញ​នឹង​តាំង​អ្នក​គង្វាល​តែ​១ ឲ្យ​ថែ​មើល​វា អ្នក​នោះ​នឹង​ឃ្វាល​វា គឺ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ គាត់​នឹង​កៀង​នាំ​វា​ទៅ​ឲ្យ​ស៊ី ហើយ​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ហ្វូង

24. នោះ​អញ​នេះ គឺ​យេហូវ៉ា​នឹង​ធ្វើ​ជា​ព្រះ​នៃ​វា​រាល់​គ្នា ហើយ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ និង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​វា គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

25. អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង

អេសេគាល 34