1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរទាយទាស់នឹងពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវឲ្យទាយប្រាប់គេ គឺពួកអ្នកគង្វាលនោះឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនឯង តើមិនត្រូវឲ្យពួកអ្នកគង្វាលនោះ ឃ្វាលហ្វូងចៀមវិញទេឬអី
3. ឯងរាល់គ្នាស៊ីខ្លាញ់ ហើយស្លៀកពាក់ដោយសាររោមវា ក៏សំឡាប់សត្វបំប៉នដែរ តែមិនឃ្វាលហ្វូងទេ
4. ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ ណាដែលបាក់ជើង ឯងមិនបានរុំអប ណាដែលត្រូវកំចាត់កំចាយ នោះឯងមិនបាននាំមកវិញ ហើយណាដែលវង្វេងទៅ នោះក៏មិនបានស្វែងរកដែរ គឺឯងរាល់គ្នាបានគ្រប់គ្រងលើវា ដោយកំឡាំង ហើយតឹងរ៉ឹងវិញ
5. ដូច្នេះវាត្រូវកំចាត់កំចាយទៅ ដោយព្រោះឥតមានអ្នកគង្វាល វាបានត្រឡប់ជាអាហារដល់អស់ទាំងសត្វព្រៃ ហើយត្រូវខ្ចាត់ខ្ចាយអស់ទៅ
6. ហ្វូងចៀមរបស់អញបានដើរចុះឡើង នៅលើអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មានផង អើ ហ្វូងចៀមរបស់អញបានត្រូវកំចាត់កំចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ។
7. ហេតុនោះពួកអ្នកគង្វាលរាល់គ្នាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
8. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាដោយព្រោះហ្វូងចៀមអញបានទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានអ្នកគង្វាល ហើយដោយព្រោះអ្នកគង្វាលទាំងប៉ុន្មានរបស់អញ មិនបានស្វះស្វែងរកចៀមអញ គឺបានឃ្វាលតែខ្លួនឯងវិញ ឥតឃ្វាលហ្វូងចៀមអញសោះ
9. ដូច្នេះ ពួកអ្នកគង្វាលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
10. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងទារចៀមអញពីដៃគេ ក៏នឹងឲ្យគេឈប់លែងឃ្វាលហ្វូងចៀមទៅ ពួកអ្នកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេទៀតដែរ អញនឹងជួយឲ្យចៀមអញរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ។
11. ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញទាំងស៊ើបសួររកទាល់តែឃើញផង
12. ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
13. អញនឹងនាំវារាល់គ្នា ចេញពីសាសន៍ទាំងប៉ុន្មាន ហើយប្រមូលវាពីគ្រប់ទាំងស្រុក រួចនឹងនាំចូលទៅក្នុងស្រុករបស់វាវិញ អញនឹងឃ្វាលវានៅលើភ្នំនៃស្រុកអ៊ីស្រាអែល ហើយតាមផ្លូវទឹក និងនៅគ្រប់ទាំងកន្លែងដែលមានមនុស្សនៅក្នុងស្រុកនោះផង