អេសេគាល 34:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​អ្នក​គង្វាល​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ត្រូវ​ឲ្យ​ទាយ​ប្រាប់​គេ គឺ​ពួក​អ្នក​គង្វាល​នោះ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​អ្នក​គង្វាលនៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ឃ្វាល​តែ​ខ្លួន​ឯង តើ​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​គង្វាល​នោះ ឃ្វាល​ហ្វូង​ចៀម​វិញ​ទេ​ឬ​អី

3. ឯង​រាល់​គ្នា​ស៊ី​ខ្លាញ់ ហើយ​ស្លៀក‌ពាក់​ដោយ‌សារ​រោម​វា ក៏​សំឡាប់​សត្វ​បំប៉ន​ដែរ តែ​មិន​ឃ្វាល​ហ្វូង​ទេ

4. ឯង​រាល់​គ្នា​មិន​បាន​ចំរើន​កំឡាំង ដល់​សត្វ​ណា​ដែល​អន់​កំឡាំង ហើយ​ណា​ដែល​ឈឺ នោះ​មិន​បាន​មើល​ឲ្យ​ជា​ទេ ណា​ដែល​បាក់​ជើង ឯង​មិន​បាន​រុំ​អប ណា​ដែល​ត្រូវ​កំចាត់‌កំចាយ នោះ​ឯង​មិន​បាន​នាំ​មក​វិញ ហើយ​ណា​ដែល​វង្វេង​ទៅ នោះ​ក៏​មិន​បាន​ស្វែង​រក​ដែរ គឺ​ឯង​រាល់​គ្នា​បាន​គ្រប់‌គ្រង​លើ​វា ដោយ​កំឡាំង ហើយ​តឹង‌រ៉ឹង​វិញ

5. ដូច្នេះ​វា​ត្រូវ​កំចាត់‌កំចាយ​ទៅ ដោយ​ព្រោះ​ឥត​មាន​អ្នក​គង្វាល វា​បាន​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​ខ្ចាត់​ខ្ចាយ​អស់​ទៅ

6. ហ្វូង​ចៀម​របស់​អញ​បាន​ដើរ​ចុះ​ឡើង នៅ​លើ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ផង អើ ហ្វូង​ចៀម​របស់​អញ​បាន​ត្រូវ​កំចាត់‌កំចាយ នៅ​ពេញ‌ពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើប‌សួរ ឬ​ស្វែង​រក​វា​សោះ។

7. ហេតុ​នោះ​ពួក​អ្នក​គង្វាល​រាល់​គ្នា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

8. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ដោយ​ព្រោះ​ហ្វូង​ចៀម​អញ​បាន​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​អ្នក​គង្វាល ហើយ​ដោយ​ព្រោះ​អ្នក​គង្វាល​ទាំង​ប៉ុន្មាន​របស់​អញ មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​អញ គឺ​បាន​ឃ្វាល​តែ​ខ្លួន​ឯង​វិញ ឥត​ឃ្វាល​ហ្វូង​ចៀម​អញ​សោះ

9. ដូច្នេះ ពួក​អ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

10. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​ទារ​ចៀម​អញ​ពី​ដៃ​គេ ក៏​នឹង​ឲ្យ​គេ​ឈប់​លែង​ឃ្វាល​ហ្វូង​ចៀម​ទៅ ពួក​អ្នក​គង្វាល​នឹង​មិន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​គេ​ទៀត​ដែរ អញ​នឹង​ជួយ​ឲ្យ​ចៀម​អញ​រួច​ពី​មាត់​គេ ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អាហារ​ដល់​គេ​ឡើយ។

អេសេគាល 34