16. ដូច្នេះ នឹងគ្មានអ្នកណានឹកចាំ ពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងរស់នៅជាពិត។
17. ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍ឯងតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនស្មើវិញ
18. កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះឯង
19. ហើយកាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះឯង
20. ប៉ុន្តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នាតាមផ្លូវរបស់ឯងរៀងខ្លួន។
21. លុះដល់ថ្ងៃ៥ ខែបុស្សក្នុងឆ្នាំ១២ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡិម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ
22. រីឯនៅពេលល្ងាច មុនដែលអ្នករត់រួច នោះបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ទ្រង់ក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។
23. គ្រានោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
24. កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់ ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមរដក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមរដកដែរ
25. ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកទៅឯអស់ទាំងរូបព្រះរបស់ឯងរាល់គ្នា ហើយកំចាយឈាមផង ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
26. ឯងរាល់គ្នាពឹងតែដាវរបស់ឯង ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងឯងរៀងខ្លួន ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
27. ត្រូវឲ្យឯងប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់នេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាលទទេ អញនឹងប្រគល់ដល់សត្វព្រៃឲ្យត្រូវហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ
28. អញនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ
29. នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលអញបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអស់ទាំងអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។
30. មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍ឯង គេនិយាយគ្នាពីឯងនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ
31. គេក៏មកឯឯង ដូចជាបណ្តាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្តាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសំដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកំរៃដល់ខ្លួនវិញ
32. ហើយមើល គេរាប់ឯងទុកដូចជាបទចំរៀង ដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែមិនប្រព្រឹត្តតាមទេ