1. ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍ឯងថា កាលណាអញនាំដាវមកលើស្រុកណា ហើយបណ្តាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម
3. បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្តាជន
4. ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ
5. ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិតជាពិត
6. តែបើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្តាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន តែអញនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។
7. កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលអញបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ
8. កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះមនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមវាពីដៃឯងវិញ
9. ប៉ុន្តែបើឯងពន្យល់ប្រាប់ដល់មនុស្សអាក្រក់ ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែឯងបានដោះខ្លួនឲ្យរួចវិញ។
10. ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ឯងរាល់គ្នាពោលដូច្នេះថា អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន
11. ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់
12. ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅនៃសាសន៍ឯងថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់ របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតវិញ ក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ
13. កាលណាអញប្រាប់ដល់មនុស្សសុចរិតថា គេនឹងរស់នៅជាពិត នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ
14. មួយទៀតបើកាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ
15. គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួច ទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់នៅជាពិត ឥតត្រូវស្លាប់ទេ
16. ដូច្នេះ នឹងគ្មានអ្នកណានឹកចាំ ពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងរស់នៅជាពិត។