3. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលាតលប់អញគ្របលើឯង ដោយសារហ្វូងមនុស្សយ៉ាងធំ គេនឹងទាញឯងឡើងមកជាប់ក្នុងលប់របស់អញ
4. នោះអញនឹងទុកឯងចោលនៅលើដីគោក អញនឹងបោះឯងចោលទៅនៅទីវាលទទេ ហើយនឹងឲ្យសត្វហើរលើអាកាសទាំងប៉ុន្មាន មកទំលើឯង ក៏នឹងចំអែតសត្វនៅដីទាំងមូលដោយសារឯងដែរ
5. អញនឹងដាក់សាច់ឯងនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ដោយគំនរសាកសពឯងដែរ
6. អញនឹងស្រោចផែនដី ជាកន្លែងឯងហែលទឹកនោះ ដោយឈាមរបស់ឯង រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយឯងដែរ
7. កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ
8. ឯអស់ទាំងតួពន្លឺនៅលើមេឃ នោះអញនឹងធ្វើឲ្យងងឹតទៅដោយព្រោះឯង ព្រមទាំងគ្របស្រុកឯងដោយងងឹតផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9. អញនឹងបណ្តាលឲ្យចិត្តនៃមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលអញនាំដំណឹង ពីការវិនាសរបស់ឯង ទៅកណ្តាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលឯងមិនបានស្គាល់ឡើយ
10. អើ អញនឹងឲ្យជនជាតិជាច្រើន មានសេចក្ដីអស្ចារ្យ ពីដំណើរឯង ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង ដោយព្រោះឯងក្នុងកាលដែលអញលើកដាវអញនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលឯងនឹងត្រូវដួលនោះ។