12. អញនឹងធ្វើឲ្យពួកកកកុញរបស់ឯងដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃរបស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសទៅដែរ
13. អញក៏នឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត
14. អញនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
15. កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16. នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
17. នៅឆ្នាំ១២ដដែលដល់ថ្ងៃ១៥ខែនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18. កូនមនុស្សអើយ ចូរទ្រហោយំនឹងពួកកកកុញរបស់ស្រុកអេស៊ីព្ទចុះ ហើយបោះគេចុះ គឺវា និងពួកកូនស្រីៗរបស់សាសន៍ទាំងប៉ុន្មានដែលមានល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
19. តើឯងមានលំអជាងអ្នកណា ចូរចុះទៅ ហើយឲ្យដេកជាមួយនឹងពួកមិនកាត់ស្បែកចុះ
20. គេនឹងដួលនៅកណ្តាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ វាត្រូវប្រគល់ដល់ដាវហើយ ចូរអូសវាចេញទៅ ព្រមទាំងពួកកកកុញរបស់វាផង
21. ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
22. អាសស៊ើរក៏នៅទីនោះ ព្រមទាំងពួកវាផង ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេបានត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ
23. ផ្នូរខ្មោចគេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
24. នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វា នៅជុំវិញផ្នូរខ្មោចវាផង គ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
25. គេបានតាំងដំណេករបស់វា នៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់ជាមួយនឹងពួកកកកុញរបស់វាដែរ ផ្នូររបស់គេក៏នៅព័ទ្ធជុំវិញវា គ្រប់គ្នាជាមនុស្សដែលមិនបានទទួលកាត់ស្បែក ហើយគេត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានដាក់វានៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់នោះ។