អេសេគាល 32:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​ឯង

12. អញ​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

13. អញ​ក៏​នឹង​បំផ្លាញ​សត្វ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន នោះ​ជើង​មនុស្ស និង​ជើង​សត្វ នឹង​លែង​ធ្វើ​ឲ្យ​ទឹក​នោះ​ល្អក់​ទៀត

14. អញ​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​ថ្លា​វិញ ក៏​នឹង​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ដូច​ប្រេង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

15. កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ស្ងាត់‌ច្រៀប ហើយ​ខូច​បង់ ជា​ស្រុក​ខ្វះ‌ខាត​របស់​ដែល​ពី​ដើម​មាន​ជា​បរិបូរ ហើយ​កាល​ណា​អញ​បាន​វាយ​អស់​អ្នក​នៅ​ស្រុក​នោះ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

16. នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍ នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ គេ​នឹង​ទួញ​ទំនួញ​នឹង​ស្រុក​អេស៊ីព្ទ ហើយ​នឹង​ពួក​កក‌កុញ​វា ដោយ​ពាក្យ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

17. នៅ​ឆ្នាំ​១២​ដដែល​ដល់​ថ្ងៃ​១៥​ខែ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

18. កូន​មនុស្ស​អើយ ចូរ​ទ្រហោ‌យំ​នឹង​ពួក​កក‌កុញ​របស់​ស្រុក​អេស៊ីព្ទ​ចុះ ហើយ​បោះ​គេ​ចុះ គឺ​វា និង​ពួក​កូន​ស្រីៗ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​មាន​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែនដី ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ

19. តើ​ឯង​មាន​លំអ​ជាង​អ្នក​ណា ចូរ​ចុះ​ទៅ ហើយ​ឲ្យ​ដេក​ជា​មួយ​នឹង​ពួក​មិន​កាត់​ស្បែក​ចុះ

20. គេ​នឹង​ដួល​នៅ​កណ្តាល​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ វា​ត្រូវ​ប្រគល់​ដល់​ដាវ​ហើយ ចូរ​អូស​វា​ចេញ​ទៅ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​ផង

21. ពួក​មនុស្ស​ថ្នឹក​ច្បាំង​ដ៏​ខ្លាំង​ពូកែ​គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ​ហើយ គេ​ដេក​ស្តូក​នៅ គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។

22. អាស‌ស៊ើរ​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​វា​ផង ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំវិញ​វា គេ​បាន​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ

23. ផ្នូរ​ខ្មោច​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ហើយ​ពួក​វា​ក៏​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​វា គឺ​គ្រប់​គ្នា​បាន​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។

អេសេគាល 32