2. កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី
3. មើល ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុបបាំងម្លប់ ក៏មានសណ្ឋានខ្ពស់ ហើយកំពូលនៅកណ្តាលមែកញឹកស្និត
4. ទឹកទាំងឡាយបានចំរើនដើមនោះ ហើយទីជំរៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់គ្រប់ទាំងដើមឈើនៅដីនោះផង
5. ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចំរើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ
6. អស់ទាំងសត្វហើរលើអាកាសបានធ្វើសំបុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដីបានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗ ក៏អាស្រ័យនៅក្រោមម្លប់វាដែរ
7. យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន
8. អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះនឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ
9. អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
10. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានធំឡើងយ៉ាងខ្ពស់ ហើយមានកំពូលលូតឡើងនៅកណ្តាលមែកញឹកស្និត ហើយមានចិត្តប៉ោងឡើងដោយសារកំពស់នោះ
11. នោះអញបានប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ