1. ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ
3. ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
4. នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
5. ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូបពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្រ គេនឹងដួលដោយដាវទៅជាមួយគ្នា។
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេន រហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
7. ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្តាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ
8. ដូច្នេះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ
9. នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។
10. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន
11. ស្តេចនោះ និងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនឹងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសំឡាប់
12. អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
13. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនឹងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ