9. អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លេងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
10. ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យ ដែលអញនឹងប្រាប់ដល់ឯង ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង
11. រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
12. លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង ហើយខ្ញុំឮសូរអឺងអាប់ជាខ្លាំងពីក្រោយខ្ញុំថា សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានពរពីស្ថានរបស់ទ្រង់មក
13. ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង
14. ដូច្នេះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ
15. នោះខ្ញុំទៅដល់ពួកឈ្លើយ ដែលនៅត្រង់ថេល-អាប៊ីប នៅក្បែរទន្លេកេបារ រីឯទៅកន្លែងដែលគេអាស្រ័យនៅ នោះខ្ញុំក៏នៅកណ្តាលគេអស់៧ថ្ងៃដោយស្រឡាំងកាំង។
16. លុះផុតពី៧ថ្ងៃនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
17. កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង
18. កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ
19. ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
20. មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ ហើយអញដាក់ហេតុ ឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះឯងមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែអញនឹងទារឈាមគេពីដៃឯងវិញ