17. កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង
18. កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ
19. ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
20. មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ ហើយអញដាក់ហេតុ ឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះឯងមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែអញនឹងទារឈាមគេពីដៃឯងវិញ
21. ប៉ុន្តែបើឯងប្រាមប្រាប់ដល់មនុស្សសុចរិត ដើម្បីឲ្យគេបានរវាំងខ្លួនមិនឲ្យធ្វើបាបឡើយ ហើយគេក៏វៀរចេញពីអំពើបាបទៅ នោះគេនឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់ឯង យ៉ាងនោះ ឯងនឹងបានដោះព្រលឹងខ្លួន ឲ្យបានរួចផង។