1. ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរឯងស៊ីរបស់ដែលឯងឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ
2. ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយទ្រង់ធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ
3. ទ្រង់បង្គាប់ដល់ខ្ញុំថា កូនមនុស្សអើយ ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
4. រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ
5. ដ្បិតអញមិនចាត់ឯង ឲ្យទៅឯសាសន៍ណាដែលមានពាក្យសំដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែលវិញ
6. មិនមែនទៅឯសាសន៍ជាច្រើន ដែលមានពាក្យសំដីប្លែក និងភាសាពិបាក ដែលឯងនឹងស្តាប់ពាក្យរបស់គេមិនបាននោះទេ បើសិនជាអញចាត់ឯងឲ្យទៅឯសាសន៍ទាំងនោះ ប្រាកដជាគេនឹងស្តាប់ឯងជាពិត
7. តែពូជពង្សអ៊ីស្រាអែលមិនព្រមស្តាប់តាមឯងទេ ពីព្រោះគេមិនព្រមស្តាប់តាមអញហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស
8. មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ
9. អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លេងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
10. ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យ ដែលអញនឹងប្រាប់ដល់ឯង ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង
11. រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
12. លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង ហើយខ្ញុំឮសូរអឺងអាប់ជាខ្លាំងពីក្រោយខ្ញុំថា សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានពរពីស្ថានរបស់ទ្រង់មក
13. ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង
14. ដូច្នេះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ