8. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនឹងកាត់ទាំងមនុស្ស និងសត្វចេញពីឯង
9. នោះស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះវាបានពោលថា ទន្លេនេះជារបស់ផងអញ គឺអញបានបង្កើតឡើង
10. ដូច្នេះមើល អញទាស់នឹងឯង ហើយនឹងទន្លេទាំងប៉ុន្មានរបស់ឯងផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទ ទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់នៅ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំស្រុកអេធីយ៉ូពី
11. នៅរវាង៤០ឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង
12. អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងស្រុកស្ងាត់ជ្រងំ ហើយអស់ទាំងទីក្រុងនៃស្រុក និងនៅស្ងាត់ច្រៀបអស់៤០ឆ្នាំ នៅកណ្តាលអស់ទាំងទីក្រុងដែលខូចបង់នោះ អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក។
13. ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះផុតពី៤០ឆ្នាំទៅ អញនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយទៅនោះ
14. ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ
15. នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
16. នោះពួកវង្សអ៊ីស្រាអែល នឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
17. លុះដល់ថ្ងៃ១ ខែចេត្រ ឆ្នាំទី២៧ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា