1. នៅថ្ងៃ១២ខែបុស្សឆ្នាំទី១០ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរតាំងមុខឯងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយទាយទាស់នឹងវា ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផង ថា
3. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសំបើមដែលដេកនៅកណ្តាលទន្លេរបស់ខ្លួនអើយ អញទាស់នឹងឯង ដ្បិតឯងថា ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ
4. អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនឹងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង
5. អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង និងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស
6. នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល
7. កាលពួកអ៊ីស្រាអែល បានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។
8. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនឹងកាត់ទាំងមនុស្ស និងសត្វចេញពីឯង
9. នោះស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះវាបានពោលថា ទន្លេនេះជារបស់ផងអញ គឺអញបានបង្កើតឡើង
10. ដូច្នេះមើល អញទាស់នឹងឯង ហើយនឹងទន្លេទាំងប៉ុន្មានរបស់ឯងផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទ ទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់នៅ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំស្រុកអេធីយ៉ូពី
11. នៅរវាង៤០ឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង
12. អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងស្រុកស្ងាត់ជ្រងំ ហើយអស់ទាំងទីក្រុងនៃស្រុក និងនៅស្ងាត់ច្រៀបអស់៤០ឆ្នាំ នៅកណ្តាលអស់ទាំងទីក្រុងដែលខូចបង់នោះ អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក។
13. ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះផុតពី៤០ឆ្នាំទៅ អញនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយទៅនោះ
14. ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ
15. នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត