អេសេគាល 28:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯង​ជា​ចេរូប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​អ្នក​គ្រប​បាំង គឺ​អញ​បាន​តាំង​ឯង​ឡើង ឲ្យ​ឯង​បាន​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ ឯង​ក៏​បាន​ដើរ​ទៅ​មក​នៅ​កណ្តាល​ថ្ម​ភ្លឺ​ចាំង

15. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង

16. ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះ​អញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ

17. ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង

18. ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះ​អញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង

19. អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។

20. រួច​មក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

21. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ទាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា

22. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ អញ​ទាស់​នឹង​ឯង ហើយ​អញ​នឹង​បាន​ដំកើង​ឡើង​នៅ​កណ្តាល​ឯង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្នុង​វា​ដែរ

23. ពី​ព្រោះ​អញ​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅ​នៅ​អស់​ទាំង​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្តាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

24. ដូច្នេះ នឹង​លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​បន្លា​ធ្វើ​ទុក្ខ នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំវិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

អេសេគាល 28