អេសេគាល 27:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. អស់​ទាំង​ក្តារ​ឯង​សុទ្ធ​តែ​ជា​ឈើ​កកោះ​ពី​ស្រុក​សេនារ គេ​បាន​យក​ដើម​តាត្រៅ​ពី​ព្រៃ​ល្បាណូន​មក ធ្វើ​ជា​ដង​ក្តោង​សំរាប់​ឯង

6. អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក

7. ស្លាប​ក្តោង​ឯង​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​ចំរុះ​ដោយ​ប៉ាក់​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទុក​ជា​ទង់‌ជ័យ​ដល់​ឯង ហើយ​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ ពី​កោះ​អេលីសា ធ្វើ​ជា​ពិតាន

8. ពួក​អ្នក​នៅ​ក្រុង​ស៊ីដូន និង​អើវ៉ាឌ ជា​អ្នក​ចែវ​របស់​ឯង ឱ​ទីរ៉ុស​អើយ ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ឯង គេ​ជា​មេ​ដំរង់​សំពៅ

9. ពួក​អ្នក​ចាស់ៗ និង​ពួក​អ្នក​ប្រាជ្ញ​ពី​ក្រុង​កេបាល​ក៏​នៅ​ក្នុង​ឯង ទុក​ជា​អ្នក​ពរជ័រ ឯ​អស់​ទាំង​នាវា​នៅ​សមុទ្រ និង​ពួក​ជើង​ឈ្នួល ក៏​នៅ​ក្នុង​ឯង ដើម្បី​លក់​ដូរ​ទំនិញ​របស់​ឯង

10. មាន​សាសន៍​ពើស៊ី សាសន៍​លូឌ និង​សាសន៍​ពូត​នៅ​ក្នុង​កង‌ទ័ព​របស់​ឯង គឺ​ជា​ពួក​ថ្នឹក​ច្បាំង​របស់​ឯង គេ​បាន​ពាក់​ព្យួរ​ខែល ហើយ​នឹង​មួក​សឹក​នៅ​ក្នុង​ឯង ក៏​នាំ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​បាន​កាន់​តែ​រុងរឿង​ឡើង

11. ពួក​ក្រុង​អើវ៉ាឌ ព្រម​ទាំង​ពួក​កង‌ទ័ព​របស់​ឯង ជា​អ្នក​ការ‌ពារ​នៅ​លើ​កំផែង​ជុំវិញ ហើយ​មាន​មនុស្ស​ក្លៀវ‌ក្លា​នៅ​ក្នុង​ប៉ម​ទាំង​ប៉ុន្មាន​របស់​ឯង គេ​បាន​ពាក់​ព្យួរ​អស់​ទាំង​ខែល​របស់​គេ​នៅ​ជញ្ជាំង​ជុំវិញ ពួក​នោះ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​បាន​ពេញ​ខ្នាត។

12. ពួក​ស្រុក​តើស៊ីស ជា​អ្នក​លក់​ដូរ​នឹង​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត និង​សំណ​ឲ្យ​បាន​ទំនិញ​ពី​ឯង

13. ពួក​យ៉ាវ៉ាន ពួក​ទូបាល ហើយ​ពួក​មែសេក​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​ដូរ​ខ្លួន​មនុស្ស ព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​ឯង

14. ឯ​ពួក​វង្ស​តូកាម៉ា គេ​ដូរ​សេះ​ជិះ សេះ​ចំបាំង និង​លា‌កាត់​ឲ្យ​បាន​ទំនិញ​របស់​ឯង

15. ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ

16. ស្រុក​ស៊ីរី​ក៏​ជា​អ្នក​លក់​ដូរ​នឹង​ឯង​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​ឯង

អេសេគាល 27