25. អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញឯង ឯងបានចំរើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្តាលសមុទ្រនោះ។
26. ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ
27. អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់ឯង ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់ឯង ហើយពួកទាហានដែលនៅក្នុងឯង និងបណ្តាជនទាំងប៉ុន្មានដែលនៅកណ្តាលឯង គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលឯងត្រូវអន្តរាយនោះ
28. កាលណាសូរសំរែកនៃពួកនាយរបស់ឯងបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ
29. ហើយពួកអ្នកចែវទាំងប៉ុន្មាន ពួកជើងឈ្នួល និងពួកនាយសំពៅតាមផ្លូវសមុទ្រ គេនឹងឡើងពីនាវារបស់គេមកឈរនៅលើច្រាំង
30. គេនឹងបន្លឺសំឡេងឡើងឲ្យឮគ្របលើឯង គេនឹងយំខ្សឹកខ្សួល ព្រមទាំងបាចធូលីដីទៅលើក្បាល ហើយដេកននៀលនៅក្នុងផែះ
31. គេនឹងកោរសក់ដោយព្រោះឯង ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយឯង ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល
32. កាលគេកំពុងតែទ្រហោយំ នោះគេនឹងចាប់ផ្តើមទួញទំនួញដោយព្រោះឯង គេនឹងទួញថា តើមានអ្នកណាដូចជាទីរ៉ុស ដែលត្រូវបំផ្លាញនៅកណ្តាលសមុទ្រដូច្នេះ
33. កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចំអែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់ឯង
34. នៅគ្រាដែលឯងត្រូវសមុទ្របំបែកទំលាយនៅទីជំរៅទឹក នោះទំនិញឯង ហើយពួកឯងទាំងប៉ុន្មានបានធ្លាក់ទៅនៅកណ្តាលឯងផង
35. អស់ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរឯង ហើយពួកស្តេចគេបានភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត
36. ពួកអ្នកជំនួញនៅអស់ទាំងសាសន៍ គេធ្វើស៊ីសស៊ូសឲ្យឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយនឹងលែងមានជាដរាបតទៅ។