អេសេគាល 27:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ពួក​វេដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​ឯង មាន​ទាំង​ដែក‌ថែប កំញាន និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​ឯង

20. ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ

21. ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​ឯង

22. ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​នឹង​ឯង គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​ដំឡៃ​គ្រប់​មុខ និង​មាស​ដូរ​នឹង​ទំនិញ​របស់​ឯង

23. ស្រុក​ខារ៉ាន ស្រុក​កាននេ និង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាស‌ស៊ើរ និង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​នឹង​ឯង

24. ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ​ហើយ​ប៉ាក់ និង​សំលៀក‌បំពាក់​មាន​ដំឡៃ​ដាក់​ចុះ​ក្នុង​ហឹប​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​នឹង​ឯង

25. អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃលែង​នៅ​កណ្តាល​សមុទ្រ​នោះ។

26. ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ

27. អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​ឯង ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​ឯង ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ឯង និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ឯង គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​ឯង​ត្រូវ​អន្តរាយ​នោះ

28. កាល​ណា​សូរ​សំរែក​នៃ​ពួក​នាយ​របស់​ឯង​បាន​ឮ​ឡើង នោះ​តំបន់​នៅ​ជុំវិញ​នឹង​ញ័រ​រន្ធត់​ដែរ

29. ហើយ​ពួក​អ្នក​ចែវ​ទាំង​ប៉ុន្មាន ពួក​ជើង​ឈ្នួល និង​ពួក​នាយ​សំពៅ​តាម​ផ្លូវ​សមុទ្រ គេ​នឹង​ឡើង​ពី​នាវា​របស់​គេ​មក​ឈរ​នៅ​លើ​ច្រាំង

អេសេគាល 27