អេសេគាល 27:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ

16. ស្រុក​ស៊ីរី​ក៏​ជា​អ្នក​លក់​ដូរ​នឹង​ឯង​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​ឯង

17. ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​យក​ស្រូវ‌សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ‌សះ​មក​ដូរ​នឹង​ទំនិញ​របស់​ឯង

18. ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​នឹង​ឯង​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ស

19. ពួក​វេដាន់ និង​យ៉ាវ៉ាន គេ​បាន​ដូរ​អំបោះ​ឲ្យ​បាន​ទំនិញ​ឯង មាន​ទាំង​ដែក‌ថែប កំញាន និង​ឫស​កន្ធាយ នៅ​ក្នុង​ទំនិញ​របស់​ឯង

20. ស្រុក​ដេដាន់​ធ្វើ​ជំនួញ​នឹង​ឯង ដោយ​សំពត់​មាន​ដំឡៃ​សំរាប់​ជិះ​សេះ

21. ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ដល់​ឯង

22. ពួក​ឈ្នួញ​ពី​ស្រុក​សេបា ហើយ​ពី​ស្រុក​រ៉ាម៉ា ជា​អ្នក​ជួញ​ប្រែ​នឹង​ឯង គេ​បាន​យក​គ្រឿង​ម្ហូប​យ៉ាង​វិសេស ថ្ម​មាន​ដំឡៃ​គ្រប់​មុខ និង​មាស​ដូរ​នឹង​ទំនិញ​របស់​ឯង

23. ស្រុក​ខារ៉ាន ស្រុក​កាននេ និង​ស្រុក​អេដែន ព្រម​ទាំង​ពួក​ឈ្នួញ​នៃ​ស្រុក​សេបា អាស‌ស៊ើរ និង​គីលម៉ាឌ ជា​អ្នក​ធ្វើ​ជំនួញ​នឹង​ឯង

24. ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ​ហើយ​ប៉ាក់ និង​សំលៀក‌បំពាក់​មាន​ដំឡៃ​ដាក់​ចុះ​ក្នុង​ហឹប​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​នឹង​ឯង

25. អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃលែង​នៅ​កណ្តាល​សមុទ្រ​នោះ។

26. ពួក​អ្នក​ចែវ​របស់​ឯង គេ​បាន​នាំ​ឯង​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​ឯង​បែក​ធ្លាយ នៅ​កណ្តាល​សមុទ្រ

27. អស់​ទាំង​ទ្រព្យ‌សម្បត្តិ និង​របស់​លក់​ដូរ ហើយ​ទំនិញ​របស់​ឯង ព្រម​ទាំង​ពួក​ជើង​ឈ្នួល ពួក​នាយ​សំពៅ ពួក​បិទ​ពរ និង​ពួក​អ្នក​លក់​ដូរ​ទំនិញ​របស់​ឯង ហើយ​ពួក​ទាហាន​ដែល​នៅ​ក្នុង​ឯង និង​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ឯង គេ​នឹង​ត្រូវ​លិច​លង់​នៅ​ផ្ទៃ​សមុទ្រ ក្នុង​ថ្ងៃ​ដែល​ឯង​ត្រូវ​អន្តរាយ​នោះ

អេសេគាល 27