4. ហេតុនោះមើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង
5. អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
6. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តឯងចំពោះស្រុកអ៊ីស្រាអែល
7. ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
8. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ
9. ហេតុនោះ មើល អញនឹងបើកស្រុកម៉ូអាប់ ឲ្យចំហខាងទីក្រុងទាំងប៉ុន្មានរបស់គេ ដែលនៅក្បែរព្រំដែនគេ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម
10. ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយអញនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីនឹងបំបាត់សេចក្ដីនឹកចាំពីពួកកូនចៅអាំម៉ូន ពីកណ្តាលអស់ទាំងសាសន៍ទៅ
11. អញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
12. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
13. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដំមដែរ ក៏នឹងកាត់ទាំងមនុស្ស និងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ
14. អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដំម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដំម តាមសេចក្ដីកំហឹង និងសេចក្ដីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច