1. លុះដល់ថ្ងៃ១០ ខែបុស្សឆ្នាំទី៩ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
2. កូនមនុស្សអើយ ចូរកត់ថ្ងៃនេះទុក គឺថ្ងៃនេះឯង ដ្បិតនៅថ្ងៃនេះ ស្តេចបាប៊ីឡូនបានចូលទៅតនឹងក្រុងយេរូសាឡិមហើយ
3. ចូរពោលពាក្យប្រៀបប្រដូច ដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង
4. ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ និងភ្លៅ ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសំរាំង
5. ត្រូវឲ្យរើសយកចៀមយ៉ាងសំរាំង ហើយដុតទាំងឆ្អឹងនៅពីក្រោម ត្រូវធ្វើឲ្យពុះយ៉ាងខ្លាំង ឲ្យឆ្អឹងនៅក្នុងថ្លាងនោះបានឆ្អិន។
6. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ
7. ដ្បិតឈាមដែលបានកំចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ
8. ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ
9. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន
10. ចូរគរឱសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ
11. បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស
12. វាបាននឿយហត់ដោយការឥតប្រយោជន៍ ប៉ុន្តែក្អែលយ៉ាងសំបើមរបស់វាមិនចេះបាត់ចេញទេ ត្រូវដុតក្នុងភ្លើងវិញ
13. មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់ឯង ដ្បិតអញបានដុសជំរះឯង តែឯងមិនបានស្អាតទេ ដូច្នេះ ឯងនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់ឯងទៀតឡើយ ដរាបដល់អញឲ្យសេចក្ដីក្រោធរបស់អញ ចំពោះឯងបានសំរាកវិញ