30. ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ
31. ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះអញនឹងឲ្យពែងរបស់បងឯងទៅក្នុងដៃឯងដែរ
32. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន
33. ឯងនឹងបានពេញដោយស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងសេចក្ដីស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីឯង
34. ឯងនឹងត្រូវផឹកពីពែងនោះ ព្រមទាំងសំរេងផង រួចនឹងកកេរបំណែក ហើយនឹងហែកដោះឯងទៅ ដ្បិតអញនេះបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
35. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានភ្លេចអញ ព្រមទាំងបោះបង់អញចោលទៅក្រោយខ្នងឯងដូច្នេះ នោះត្រូវឲ្យឯងរងទ្រាំនឹងអំពើអាស្រូវបារាយណ៍ និងការកំផិតរបស់ឯងចុះ។
36. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងខ្ញុំទៀតថា កូនមនុស្សអើយ តើឯងចង់ជំនុំជំរះអូហូឡា និងអូហូលីបាឬអី បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ
37. ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់អញ ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ
38. មួយទៀត នាងបានធ្វើការយ៉ាងនេះដល់អញ គឺបានធ្វើឲ្យទីបរិសុទ្ធរបស់អញស្មោកគ្រោកទៅនៅថ្ងៃ១នោះឯង ព្រមទាំងបង្អាប់ថ្ងៃឈប់សំរាករបស់អញផង
39. ដ្បិតកាលនាងបានសំឡាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះឯង នាងក៏ចូលក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីនោះទៀត មើល នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្តាលវិហាររបស់អញ
40. មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយមើល ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលំអសំរាប់ទទួលគេ
41. ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន និងប្រេងរបស់អញលើតុនោះផង
42. នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។