អេសេគាល 23:20-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. វា​ជាប់​ចិត្ត​ស្រឡាញ់​សហាយ​វា ដែល​មាន​សាច់​ដូច​ជា​សាច់​នៃ​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ

21. គឺ​យ៉ាង​នោះ ដែល​ឯង​នឹក​ចាំ ពី​អំពើ​អាស្រូវ​បារាយណ៍ ដែល​ប្រព្រឹត្ត​ពី​កាល​នៅ​ក្មេង ដោយ​ពួក​សាសន៍​អេស៊ីព្ទ​បាន​ចាប់​ដោះ​ឯង ដែល​ដោះ​ឯង​នៅ​ជា​ក្រមុំ​ផង។

22. ហេតុ​នោះ ឱ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាស់​ពួក​សហាយ​ឯង ដែល​ឯង​បាន​ណាយ​ចិត្ត​ពី​គេ​នោះ ឲ្យ​មក​ទាស់​នឹង​ឯង អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស

23. គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស‌ស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង

24. គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចំបាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជំរះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ច្បាប់​របស់​គេ

25. អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ​ពួក​ឯង ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់

26. គេ​នឹង​បក​យក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​យក​គ្រឿង​លំអ​របស់​ឯង​ទៅ​ដែរ

27. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន ណាយ​ចេញ​ពី​គេ​នោះ

29. គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30. ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

31. ឯង​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​ឯង ហេតុ​នោះ​អញ​នឹង​ឲ្យ​ពែងរបស់​បង​ឯង​ទៅ​ក្នុង​ដៃ​ឯង​ដែរ

32. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​ឯង ជា​ពែង​យ៉ាង​ជ្រៅ ហើយ​ធំ ឯង​នឹង​ត្រូវ​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​ជា​ទី​មើល‌ងាយ អើ ពែង​នោះ​ចំណុះ​ជា​ច្រើន

33. ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34. ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។

អេសេគាល 23