2. កូនមនុស្សអើយ ពីដើមមានស្រី២នាក់ពោះ១នឹងគ្នា
3. ហើយគេបានធ្វើសំផឹង នៅស្រុកអេស៊ីព្ទ អើ គេបានធ្វើសំផឹងពីកាលនៅក្មេង នៅស្រុកនោះ មនុស្សបានចាប់ដោះគេ នៅទីនោះបានអង្អែលដោះនៃវ័យក្រមុំរបស់គេ
4. ឯនាងទាំង២នោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់ផងអញ ហើយបង្កើតបានកូនប្រុស និងកូនស្រី ចំណែកឈ្មោះគេ នោះអូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡិម។
5. ឯអូហូឡា នាងក៏ធ្វើជាសំផឹង ក្នុងកាលដែលធ្វើជាប្រពន្ធរបស់អញ វាជាប់ចិត្តនឹងសហាយវា គឺនឹងសាសន៍អាសស៊ើរ ជាអ្នកជិតខាងវា
6. ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំឡោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា
7. វាធ្វើសំផឹងនឹងគេ ដែលសុទ្ធតែជាមនុស្សជ្រើសរើសក្នុងសាសន៍អាសស៊ើរ ហើយវាក៏ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក ដោយរូបព្រះរបស់អស់អ្នកដែលវាជាប់ចិត្តស្រឡាញ់នោះ
8. វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា
9. ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ
10. គេបានបើកកេរខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសំឡាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសំរេចទោសដល់វា។
11. ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែបានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការសំផឹងរបស់វា ដែលលើសជាងការសំផឹងរបស់បងខ្លួន
12. វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកអ្នកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំឡោះយ៉ាងចាប់ចិត្ត
13. អញក៏បានឃើញថា វាត្រូវស្មោកគ្រោកហើយដែរ បងប្អូន២នាក់បានដើរតាមផ្លូវតែ១
14. តែប្អូនបានចំរើនការសំផឹងរបស់ខ្លួនជាច្រើនឡើង ដ្បិតវាបានឃើញរូបមនុស្សដែលបានគូរនៅជញ្ជាំង គឺជារូបពួកសាសន៍ខាល់ដេ ដែលគូរដោយពណ៌ក្រហម
15. មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ
16. កាលវាបានឃើញគេ នោះក៏ជាប់ចិត្តស្រឡាញ់ភ្លាម ហើយបានចាត់ទូតទៅឯគេ ក្នុងស្រុកខាល់ដេ
17. នោះពួកក្រុងបាប៊ីឡូនក៏មកឯវា រួមដំណេកដោយស្រឡាញ់ គេក៏ធ្វើឲ្យវាស្មោកគ្រោកដោយការកំផិតរបស់គេ វាបានសៅហ្មងដោយសារគេ រួចចិត្តវាក៏ណាយចេញពីគេវិញ
18. គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
19. ប៉ុន្តែវាចេះតែចំរើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ