9. នៅក្នុងឯងមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកំចាយឈាម នៅក្នុងឯងគេបានស៊ីនៅលើភ្នំ នៅកណ្តាលឯងគេបានប្រព្រឹត្តការអាស្រូវបារាយណ៍
10. នៅក្នុងឯងគេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងឯងគេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ
11. ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើម ជាមួយនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន ១ទៀតបានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងឯងបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន
12. នៅក្នុងឯងគេបានស៊ីសំណូក ដើម្បីនឹងកំចាយឈាម ឯងបានយកទាំងការ និងកំរៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងឯង ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចអញទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
13. ដូច្នេះ មើល អញបានទះដៃ ដោយព្រោះកំរៃទុច្ចរិតដែលឯងបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្តាលឯងផង
14. តើចិត្តឯងនឹងធន់នៅបាន ហើយដៃឯងនឹងមានកំឡាំង នៅថ្ងៃដែលអញធ្វើទោសដល់ឯងបានឬ អញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង
15. អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
16. ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18. កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែល បានត្រឡប់ជាអាចម៍សំណល់ដល់អញ គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងបាវឡ គេជាអាចម៍ប្រាក់ទទេ
19. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល អញនឹងប្រមូលឯងរាល់គ្នាទៅកណ្តាលក្រុងយេរូសាឡិម
20. ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ
21. អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង