12. នៅក្នុងឯងគេបានស៊ីសំណូក ដើម្បីនឹងកំចាយឈាម ឯងបានយកទាំងការ និងកំរៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងឯង ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចអញទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
13. ដូច្នេះ មើល អញបានទះដៃ ដោយព្រោះកំរៃទុច្ចរិតដែលឯងបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្តាលឯងផង
14. តើចិត្តឯងនឹងធន់នៅបាន ហើយដៃឯងនឹងមានកំឡាំង នៅថ្ងៃដែលអញធ្វើទោសដល់ឯងបានឬ អញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសំរេចតាមផង
15. អញនឹងកំចាត់កំចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
16. ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18. កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែល បានត្រឡប់ជាអាចម៍សំណល់ដល់អញ គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងបាវឡ គេជាអាចម៍ប្រាក់ទទេ
19. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល អញនឹងប្រមូលឯងរាល់គ្នាទៅកណ្តាលក្រុងយេរូសាឡិម
20. ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ
21. អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង
22. ប្រាក់ត្រូវរលាយទៅក្នុងបាវឡយ៉ាងណា នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលនោះយ៉ាងនោះដែរ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញ គឺព្រះយេហូវ៉ានេះ អញបានចាក់សេចក្ដីក្រោធរបស់អញទៅលើឯងរាល់គ្នា។
23. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
24. កូនមនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា ឯងជាស្រុកដែលមិនបានជំរះសំអាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើឯង ក្នុងគ្រានៃសេចក្ដីគ្នាន់ក្នាញ់ផង
25. ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្តាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានដំឡៃទៅ ហើយគេធ្វើឲ្យមានពួកស្រីមេម៉ាយជាច្រើននៅកណ្តាលទីក្រុង
26. ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ