8. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
9. កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរថា ន៍ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
10. ដាវនោះបានសំលៀង ដើម្បីនឹងសំឡេះយ៉ាងសន្ធឹក ក៏បានខាត់ឲ្យភ្លឺ ដើម្បីឲ្យបានដូចផ្លេកបន្ទោរ ដូច្នេះ តើគួរឲ្យយើងលេងសប្បាយឬអី ដំបងដែលវាយកូនអញ នោះមើលងាយគ្រប់ទាំងឈើផង
11. ដាវនោះបានប្រគល់ដល់គេឲ្យខាត់ឲ្យភ្លឺ ដើម្បីនឹងដាក់នៅដៃនៃអ្នកដែលកាប់សំឡាប់ ដាវនោះបានសំលៀងហើយ អើ ក៏ខាត់ឲ្យភ្លឺផង ដើម្បីនឹងដាក់នៅដៃនៃគេ
12. កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើរាស្ត្ររបស់អញ ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយនឹងរាស្ត្រអញ ដូច្នេះចូរទះភ្លៅឯងចុះ
13. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេចទៅ
14. ហេតុនោះកូនមនុស្សអើយ ចូរឯងទាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់២ដង ហើយ៣ដងទៅ គឺដាវនោះដែលកាប់សំឡាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេផង
15. អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសំរាប់កាប់សំឡេះ
16. ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងដំរង់មុខទៅ
17. អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្ដីក្រោធរបស់អញសំរាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
18. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
19. កូនមនុស្សអើយ ចូរឲ្យឯងដំរូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង
20. ចូរឯងដំរូវឲ្យមានផ្លូវ១ សំរាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន
21. ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម