21. ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម
22. ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីនឹងរៀបគ្រឿងបុកទំលាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សំឡាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសំរាប់ទំលាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ
23. តែសាសន៍ឯងនឹងមើល សេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ តែស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេបាន។
24. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងរាល់គ្នាបានរឭកពីអំពើទុច្ចរិតរបស់ខ្លួន ដោយបើកអំពើរំលងរបស់ខ្លួនឲ្យឃើញ ហើយអំពើបាបរបស់ខ្លួនក៏បានឃើញច្បាស់ ក្នុងគ្រប់ការដែលឯងធ្វើបានជាឯងនឹងត្រូវដៃគេចាប់បាន
25. ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
26. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ
27. អញនឹងធ្វើឲ្យត្រឡប់ត្រឡិន ត្រឡប់ត្រឡិនទៅ នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ។
28. ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវរហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសំរាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញ ហើយឲ្យបានដូចជាផ្លេកបន្ទោរ
29. ក្នុងពេលដែលគេកំពុងតែឃើញការជាក់ស្តែងកំភូតសំរាប់ឯង ហើយកំពុងដែលគេទាយសេចក្ដីកុហកដល់ឯងនោះ ដើម្បីឲ្យឯងបានដួលទៅលើកនៃពួកមនុស្សអាក្រក់ ដែលត្រូវរបួសដល់ស្លាប់ ជាពួកអ្នកដែលថ្ងៃគេបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
30. ចូរឲ្យស៊កដាវទៅក្នុងស្រោមវិញ អញនឹងវិនិច្ឆ័យឯង នៅត្រង់កន្លែងដែលបានបង្កើតឯងមក គឺនៅក្នុងស្រុកកំណើតរបស់ឯង
31. អញនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើឯង ហើយនឹងផ្លុំលើឯងដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏នឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ
32. ឯងនឹងត្រូវទុកជាឱសសំរាប់ភ្លើង ឈាមរបស់ឯងនឹងខ្ចាយនៅកណ្តាលស្រុក ឥតមានអ្នកណានឹកចាំពីឯងទៀតឡើយ ដ្បិតអញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។