30. ហេតុនោះ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបពួកអយ្យកោឯងដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬអី
31. ដ្បិតកាលណាឯងរាល់គ្នាថ្វាយដង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32. ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34. អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង
35. អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
36. អញបានមានរឿងតវ៉ានឹងពួកអយ្យកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
37. នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា
38. អញនឹងញែកពួករឹងចចេសពីឯងចេញ ព្រមទាំងពួកអ្នក ដែលតែងតែប្រព្រឹត្តរំលង ទាស់នឹងអញផង អញនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
39. តែចំណែកឯងរាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខឯងរាល់គ្នាមិនព្រមស្តាប់តាមអញទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់ឯងរៀងខ្លួនចុះ តែមិនត្រូវឲ្យបង្អាក់ឈ្មោះបរិសុទ្ធរបស់អញ ដោយដង្វាយ និងរូបព្រះរបស់ឯងទៀតឡើយ។
40. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះអញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលដង្វាយរបស់ឯងរាល់គ្នា និងផលដំបូងពីដង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ
41. អញនឹងទទួលឯងរាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលអញបាននាំឯងចេញពីពួកសាសន៍ដទៃ ហើយប្រមូលឯងពីអស់ទាំងស្រុកដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ អញនឹងបានបរិសុទ្ធក្នុងពួកឯងរាល់គ្នា នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ដទៃ
42. មួយទៀតកាលណាអញបាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងហើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
43. នៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យឯងស្មោកគ្រោក នោះឯងរាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលឯងបានធ្វើនោះ
44. នោះឱពួកវង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានប្រព្រឹត្តនឹងឯង ដោយយល់ដល់ឈ្មោះអញ មិនមែនតាមអំពើអាក្រក់របស់ឯងរាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់ឯងនោះទេ នេះឯងជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
45. នោះព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
46. កូនមនុស្សអើយ ចូរដំរង់មុខទៅខាងត្បូង ហើយពោលទៅខាងត្បូងនោះ ត្រូវឲ្យទាយទាស់នឹងព្រៃនៅវាលស្រុកត្បូងចុះ
47. ហើយប្រាប់ដល់ព្រៃស្រុកត្បូងថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្កាត់ភ្លើងនៅក្នុងឯង ភ្លើងនោះនឹងឆេះអស់ទាំងឈើស្រស់ និងដើមឈើសោះកក្រោះនៅក្នុងឯង ភ្លើងដ៏ឆេះនោះនឹងមិនរលត់ឡើយ ហើយមុខមនុស្សទាំងប៉ុន្មាន ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើងនឹងត្រូវរោលទាំងអស់
48. ដូច្នេះ គ្រប់ទាំងមនុស្សនឹងឃើញថា គឺអញ ព្រះយេហូវ៉ានេះ ដែលបានបង្កាត់ភ្លើងនោះ ភ្លើងនោះនឹងមិនរលត់ឡើយ
49. នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬអី។