20. ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
21. ប៉ុន្តែកូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សំរាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន
22. ប៉ុន្តែអញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ
23. មួយទៀត អញបានស្បថនឹងគេនៅទីរហោស្ថានថា អញនឹងកំចាត់កំចាយគេទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់
24. ពីព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញឡើយ គឺបានបោះបង់ចោលបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងបង្អាក់ថ្ងៃឈប់សំរាករបស់អញវិញ ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់ពួកអយ្យកោគេដែរ
25. អញក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ ហើយនឹងបញ្ញត្តច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ
26. អញក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារដង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យអញបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
27. ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពួកអយ្យកោឯងរាល់គ្នាបានប្រមាថដល់អញក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងអញ
28. ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេ នៅលើទីនោះ គឺនៅទីនោះគេបានថ្វាយដង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយដង្វាយសំរាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចដង្វាយច្រួចរបស់គេនៅទីនោះដែរ
29. នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។
30. ហេតុនោះ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបពួកអយ្យកោឯងដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬអី
31. ដ្បិតកាលណាឯងរាល់គ្នាថ្វាយដង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32. ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34. អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង