1. នៅថ្ងៃ១០ ខែស្រាពណ៍ ក្នុងឆ្នាំទី៧ នោះពួកចាស់ទុំខ្លះនៃសាសន៍អ៊ីស្រាអែលបានមក ដើម្បីទូលសួរដល់ព្រះយេហូវ៉ា ហើយគេអង្គុយនៅមុខខ្ញុំ
2. នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
3. កូនមនុស្សអើយ ចូរនិយាយប្រាប់ ដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានមកសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
4. កូនមនុស្សអើយ ឯងចង់ជំនុំជំរះគេឬ តើចង់ជំនុំជំរះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកអយ្យកោគេ
5. ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសំដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
6. នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់
7. អញក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកឯងចេញ កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ អញ គឺយេហូវ៉ានេះ ជាព្រះនៃឯងរាល់គ្នាហើយ
8. តែគេបានរឹងចចេសនឹងអញ ឥតព្រមស្តាប់តាមអញឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញ ទាស់នឹងគេនៅកណ្តាលស្រុកអេស៊ីព្ទ