1. នៅថ្ងៃ១០ ខែស្រាពណ៍ ក្នុងឆ្នាំទី៧ នោះពួកចាស់ទុំខ្លះនៃសាសន៍អ៊ីស្រាអែលបានមក ដើម្បីទូលសួរដល់ព្រះយេហូវ៉ា ហើយគេអង្គុយនៅមុខខ្ញុំ
2. នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
3. កូនមនុស្សអើយ ចូរនិយាយប្រាប់ ដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានមកសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
4. កូនមនុស្សអើយ ឯងចង់ជំនុំជំរះគេឬ តើចង់ជំនុំជំរះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកអយ្យកោគេ
5. ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសំដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
6. នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់
7. អញក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកឯងចេញ កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ អញ គឺយេហូវ៉ានេះ ជាព្រះនៃឯងរាល់គ្នាហើយ
8. តែគេបានរឹងចចេសនឹងអញ ឥតព្រមស្តាប់តាមអញឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញ ទាស់នឹងគេនៅកណ្តាលស្រុកអេស៊ីព្ទ
9. ប៉ុន្តែអញបានប្រព្រឹត្ត ដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ ជាសាសន៍ដែលគេនៅកណ្តាល ហើយដែលអញបានសំដែងឲ្យគេស្គាល់អញ នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
10. ដូច្នេះ អញបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន
11. អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសំដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាមអ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
12. អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ
13. ប៉ុន្តែពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ
14. ប៉ុន្តែអញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញវិញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃអស់ទាំងសាសន៍ដែលអញបាននាំគេចេញ នៅចំពោះមុខនោះឡើយ
15. មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ
16. ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ
17. ប៉ុន្តែភ្នែកអញបានប្រណីដល់គេ ហើយអញមិនបានបំផ្លាញគេឡើយ ក៏មិនបានឲ្យគេសូន្យផុតទៅ នៅទីរហោស្ថានដែរ។
18. អញបានប្រាប់ដល់កូនចៅគេ នៅទីរហោស្ថានថា កុំឲ្យដើរតាមច្បាប់របស់ពួកអយ្យកោឯងរាល់គ្នា ឬកាន់តាមបញ្ញត្តរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ
19. អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមអញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមវិញ
20. ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា