13. នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែ ក្នុងស្រុកចេញទៅ
14. ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ
15. ប៉ុន្តែ ស្តេចយើងបានបះបោរនឹងទ្រង់វិញ ដោយចាត់រាជទូតទៅឯស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចំរើនឡើងបានឬ តើអ្នកណាដែលប្រព្រឹត្តដូច្នេះនឹងរួចខ្លួនឬ តើនឹងអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ
16. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាស្តេចយើង នឹងត្រូវស្លាប់ នៅកន្លែងនៃស្តេច ដែលបានតាំងទ្រង់ឡើង ឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះបង់ គឺនឹងត្រូវស្លាប់ នៅកណ្តាលក្រុងបាប៊ីឡូនជិតស្តេចនោះឯង
17. ហើយផារ៉ោន និងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចំបាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទំលាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ
18. ដ្បិតស្តេចយើងបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល ទ្រង់ក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ
19. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងទំលាក់ពាក្យសម្បថរបស់អញ ដែលវាបានមើលងាយ និងសេចក្ដីសញ្ញារបស់អញ ដែលវាបានផ្តាច់ចេញនោះ ទៅលើក្បាលវាវិញ
20. អញនឹងលាតមងអញទៅលើវា នោះវានឹងត្រូវជាប់នៅក្នុងអន្ទាក់របស់អញ អញនឹងនាំវាទៅឯក្រុងបាប៊ីឡូន ហើយនឹងមានរឿងគ្នានៅទីនោះ ដោយព្រោះអំពើរំលងដែលវាបានប្រព្រឹត្តនឹងអញ
21. ឯអស់ពួកអ្នកក្នុងកងទ័ពវាដែលរត់រួច គេនឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិស នោះឯងរាល់គ្នានឹងដឹងថា អញនេះ គឺយេហូវ៉ា អញបានចេញវាចាហើយ។
22. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់ ទៅដាំចុះ អញនឹងកាច់យកលំពង់១យ៉ាងទន់ ពីចុងបំផុតរបស់ដើមនោះទៅដាំនៅលើភ្នំយ៉ាងខ្ពស់ស្រឡេត
23. គឺអញនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ ឯអស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសំបុកនៅក្រោមម្លប់នៃមែកវា